ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តួចផ្តើមគំនិតស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាសិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។
ការផ្តួចផ្តើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយដែលបញ្ជាក់ឱ្យកូនខ្មែរក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញចងចាំនិងយល់ដឹងយ៉ាងច្បាស់ថា សម្តេចតេជោ ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ដែលបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីការពារ និងសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនពិសេសការកសាង និងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន៕

