លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ស្ថិតនៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ..!
ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មិនអោយមានការលំបាកក្នុងធ្វើដំណើរ នឹងការរស់នៅដោយសារជម្នន់ទឹកភ្លៀងផងនោះ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញ ជាអធិបតីក្នុងពីធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ និងការជួសជុលផ្លូវបេតុងអាមេឆ្អឹងដែក ប្រវែង ០,៤៥៥គ.ម ទទឹង ៧ម កម្រាស់០,១៥ស្មើនឹង(ផ្ទៃក្រឡា៣១៨៥០)
ស្ថិតនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនេះដែរមានការចូលរួមពីក្រុមការងារខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង៧ សមត្ថកិច្ចទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។លោក សេង គន្ធ បានសំណេះសំណាល នឹងពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់រាជរដ្ឋាភិបាល នឹង ឯកឧត្ដមអភិបាលក្រុងជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងពិធីនោះផងដែរ។
លោក អភិបាលខណ្ឌ បានលើកឡើងថា យើងត្រូវរួមគ្នាកសាង ថែរក្សាការពារកុំអោយមានសំរាមបណ្ដាលអោយកកស្ទះផ្លូវទឹកនាំអោយជន់លិច ព្រោះថារដូវនេះជារដូវទឹកឡើង និងមានភ្លៀងធ្លាក់ ហើយប្រឡាយដែលនៅក្នុងខណ្ឌមានជ័យ គឺជាប្រឡាយមេ មានការហូរទឹកមកពីខណ្ឌផ្សេងៗចាប់តាំងពីខណ្ឌកំបូលមកផង។លោក សេង គន្ធ បន្តថាកាលពីមុនបងប្អូនប្រជាពលរដ្ឋ ពេលឃើញមេឃងងឹតម្តងៗតែតែប្រម៉ូលមុងភួយ ព្រោះខ្លាចទឹកលិច តែពេលនេះឈប់ហើយ នេះក៏ដោយសារតែការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នឹងឯកឧត្ដមអភិបាលក្រុងផងនោះ។
មុនបញ្ចប់ លោក សេង គន្ធ បានសុំអោយបងប្អូនទាំងអស់ទុកដាក់ វិចខ្ចប់ កាកសំណល់ សំរាម អោយបានល្អ កុំអោយរាយប៉ាយ នាំអោយខ្យល់បកប៉ើងចូលប្រពន្ធ័លូនាំអោយមានការកកស្ទះ ជាយថាហេតុ នៅមុនពេលខាងប្រមូលសំរាមមកយក។
សូមបញ្ជាក់ផងដែរថា លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ តែងតែយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពល ចុះផ្ទាល់ជាមួយប្រជាពលពេលមានទុក្ខលំបាក និង ឧបត្ថម្ភ គាំទ្រប្រជាពលរដ្ឋជានិច្ច៕



















