ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី «មន្រ្តីសុខាភិបាល ត្រូវពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ដោយផ្តោតលើនិយាមស្តង់ដារ ប្រកបដោយគុណភាព សមធម៌ និងគុណធម៌...
ខេត្តរតនគីរី៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម លោកប្រធានមន្ទីរ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក ជាពិសេសមន្រ្តីសុខាភិបាលដែលបានទៅចូលរួមបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព ក្នុងពេលដែលប្រទេសជាតិបានជួបវិបតិ្តសង្រ្គាម ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាល នៅតាមអង្គភាពរៀងៗខ្លួន ដូចជាការទទួលបដិសណ្ឋារកិច្ច អនាម័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសផ្តោតសំខាន់ៗ លើគុណភាពប្រសិទ្ធភាព សុវត្ថិភាពនៃការព្យាបាល ប្រកបដោយសមធម៌។ លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ពីគោលការណ៍សំខាន់ៗ មួយចំនួនដែលជាចក្ខុវិស័យក្នុងការកសាងសុខាភិបាល ទៅតាមក្បួនខ្នាត ស្តង់ដារ សមធម៌ ទំនើបកម្មទាន់សម័យ ហើយផ្តោតលើអ្នកជំងឺ និងអ្នកងាយរងគ្រោះ ប្រកដោយគុណភាព និងទំនុកចិត្ត។
បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវការរៀបចំបែងចែកតួនាទីភារៈកិច្ច ត្រូវមានផែនការសកម្មភាពច្បាស់លាស់ និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។ លោកប្រធានមន្ទីរ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវចេះពីវិធីសាស្រ្ត និងមានគំនិតច្នៃប្រឌិតក្នុងការដឹកនាំ គ្រប់គ្រងការងាររបស់ខ្លួនឲ្យកាន់តែរីកចម្រើន ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហា ការចៀសវាងការកើតមានបញ្ហា ហើយបម្រើសេវាសុខាភិបាលដល់អ្នកជំងឺដោយក្តីអាណិត ក្តីស្រលាញ់ គុណធម៌ សមធម៌៕







