អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនយុវជនពីរនាក់ភ្លាមៗក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ!!!
ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខេត្តស្រុកសាមគ្គីមុនីជ័យ កាលពីវេលាម៉ោង៨:៥០នាទីយប់ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ លុះដល់ចំណុចជិតវត្តព្រៃបឹង ក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ក៏បានប្រទះឃើញមនុស្ស០២នាក់មានសកម្មភាពគួរអោយសង្ស័យ ក្រោមវិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ក៏បានហៅសួរនាំនិងធ្វើការឆែកឆេរក៏បានរកឃើញនូវសារធាតុញៀនមួយចំនួន ភ្លាមៗនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងកើតហេតុ រួចបញ្ជូនបន្តមកកាន់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យតែម្តង។
ជនសង្ស័យទាំងពីរនាក់ដែលបានឃាត់ខ្លួន មានឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ ខែម សុខនី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិតាហុន ឃុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់,ម៉ូតូចំនួន០២គ្រឿង(ម៉ាក DreamC125 025 ពណ៍ខ្មៅ ស្លាកលេខ(ភ្នំពេញ 1MA-5646),ម៉ាក DreamC125 025 ពណ៍ខ្មៅ ស្លាកលេខ(1AA-6187),ទូរស័ព្ទចំនួន០២គ្រឿង,ម៉ាក Oppo ពណ៍ខ្មៅ ០១គ្រឿង,ម៉ាក IPhone ពណ៍សរ ០១គ្រឿង,ជញ្ជីសម្រាប់ថ្លឺង ចំនួន០១គ្រឿង,អត្តសញ្ញាណប័ណ្ណ ចំនួន០១ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕














