មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី
ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល បានធ្វើការបែងចែកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសចំនួន៧គ្រឿង ក្រោមជំនួយឧបត្ថម្ភពីអង្គការ បង្គការពិការភាពកម្ពុជា (IMPACT-CAMBODIA) ដើម្បីផ្តល់ជូនមូលដ្ឋានសុខាភិបាលប្រើប្រាស់តាមតម្រូវការ។ ក្នុងឱកាសនោះលោកបានមានប្រសាសន៍ណែនាំថា៖
១.សូមប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំនេះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងសម្រាប់ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុនឈាម។
២.ត្រូវថែទាំ និងជួសជុលម៉ាស៊ីនជាប្រចាំដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព។
៣.រៀបចំផែនការបាញ់ថ្នាំដោយផ្អែកលើទិន្នន័យ និងស្ថានភាពជាក់ស្តែង ជាពិសេសនៅតំបន់ដែលមានករណីជំងឺគ្រុនឈាម ឬតំបន់ដែលមានហានិភ័យខ្ពស់។
៤.សហការយ៉ាងជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន សាលារៀន និងសហគមន៍ ដើម្បីចលនាប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងបំបាត់កន្លែងដក់ទឹក ដែលជាកន្លែងបង្កាត់មូស។
៥.ពង្រឹងការអប់រំសុខភាពដោយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីការពារជំងឺគ្រុនឈាម និងសារៈសំខាន់នៃការលុបបំបាត់ដង្កូវទឹក។
៦.អនុវត្តវិធានការសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំសម្លាប់មូសដោយបំពាក់ឧបករណ៍ការពារខ្លួន និងគោរពតាមស្តង់ដារបច្ចេកទេស។
៧.តាមដាន វាយតម្លៃ និងរាយការណ៍លទ្ធផលនៃការប្រើប្រាស់ម៉ាស៊ីន និងស្ថានភាពជំងឺគ្រុនឈាមជាប្រចាំ ដើម្បីកែលម្អប្រសិទ្ធភាពការងារ។
ម៉ាស៊ីនបាញ់ថ្នាំដែលប្រគល់ជូននាពេលនេះគឺជាឧបករណ៍មួយដ៏សំខាន់ក្នុងការគាំទ្រការងារបង្ការ និងឆ្លើយតបនឹងជំងឺគ្រុនឈាម។ ទោះជាយ៉ាងណា ភាពជោគជ័យនៃការការពារជំងឺគ្រុនឈាមមិនអាស្រ័យលើឧបករណ៍តែមួយមុខនេះទេ ប៉ុន្តែអាស្រ័យលើការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល ពិសេសការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ។ ខ្ញុំសូមអំពាវអំនាវដល់មូលដ្ឋានសុខាភិបាលដែលទទួលបាននូវម៉ាស៊ីនទាំងនេះ ត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីរួមគ្នាកាត់បន្ថយករណីជំងឺគ្រុនឈាមនៅទូរទាំងខេត្តរតនគិរី៕






