ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន!!!
កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ, នៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកសាមគ្គីមុនីជ័យ លុះដល់វេលាម៉ោង១០:៣០នាទីយប់ ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលើទំនប់ចាន់ថ្នាល ក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ពេជ ចាន់នី អាយុ៤២ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ននៅភូមិរ៉ា ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់តូច,ឧបករណ៍ជក់ដែកកេះចំនួន ០១,ម៉ូតូចំនួន ០១គ្រឿង(ម៉ាក់ HONGDA ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1W-6332 ចំនួន ០១គ្រឿង)និងទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក oppo។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕









