នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក អេង មោក្ខ អនុប្រធានប្រចាំការគណបក្សស្រុកកោះធំ និងលោក ច្រឹក ស្រ៊ង សមាជិកអចិន្ត្រៃយ៍គណបក្សស្រុកកោះធំ និងជាអនុប្រធានទី៤ ក្រុមការងារគណបក្សស្រុកកោះធំ ចុះជួយឃុំពោធិ៍បាន បានអញ្ជើញចូលរួម និងផ្តល់អនុសាសន៍ដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាការងារពង្រឹង និងពង្រីកសមាជិកបក្សនៅមូលដ្ឋានឃុំពោធិ៍បាន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ចាន់ អេងគ្រី ប្រធានគណៈអចិន្ត្រៃយ៍គណបក្សឃុំពោធិ៍បាន លោកស្រី ពុត គីមនី អនុប្រធានសាខាបក្សឃុំពោធិ៍បាន និងលោកស្រី ជា បូរ៉ា ក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល (ករណីពិសេស) និងជាអនុប្រធានទទួលបន្ទុក ៣មូលដ្ឋាន រួមមាន ស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ព្រមទាំងជាសមាជិកគណៈកម្មាធិការគណបក្សឃុំពោធិ៍បាន។
ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុសលើការងារពង្រឹងសតិអារម្មណ៍នយោបាយ ការពង្រីកសមាជិកបក្សថ្មី ការពង្រឹងរចនាសម្ព័ន្ធអង្គការបក្សនៅតាមភូមិ និងសាលា ព្រមទាំងការជំរុញការអនុវត្តផែនការសកម្មភាពឱ្យសម្រេចបានតាមសន្ទស្សន៍ដែលបានកំណត់។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅ និងវិធានការចាំបាច់មួយចំនួន ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។
ថ្លែងក្នុងឱកាសនោះ គណៈអធិបតីបានណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ និងផែនការការងារដែលបានដាក់ចេញ។
សមាសភាពចូលរួមរួមមាន៖
គណៈកម្មាធិការគណបក្សឃុំ
សាខាបក្សភូមិទាំង ៩
សាខាបក្សសាលាទាំង ៤
យុវជនបក្សឃុំ
សរុបអ្នកចូលរួមចំនួន ៣២នាក់ ក្នុងនោះស្រី ១៣នាក់។
ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។














