ឯកឧត្តម ស៊ុយ ឆៃលាង ដឹកនាំក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល ជួបសំណេះសំណាលសមាជិកថ្មី និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅស្រុកស្អាង
ខេត្តកណ្ដាល៖ ឯកឧត្តម ស៊ុយ ឆៃលាង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល រួមជាមួយឯកឧត្តម បណ្ឌិត ឃួន សុវណ្ណ អនុប្រធានក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានទាំងបី រួមមាន ស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ចុះជួបសំណេះសំណាលជាមួយសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងប្រារព្ធពិធីលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ ឆៃលាង បានជួបសំណេះសំណាលជាមួយសមាជិកថ្មីចំនួន ១៩៧នាក់ ក្នុងនោះស្រី ៧៧នាក់ ដែលបានស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអញ្ជើញចូលរួមលើកស្លាកគណបក្សជានិមិត្តរូបនៅមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ។
ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម បណ្ឌិត ឃួង សុវណ្ណ អនុប្រធានក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្ដាល, ឯកឧត្តម បុរិន្ទ អនុប្រធានគណៈពង្រឹងឃុំត្រើយស្លា, លោក ជឺ គឹមហៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្អាង ព្រមទាំងមេភូមិ អនុភូមិ ប្រជាការពារ និងសមាជិកក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានមកពីស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ជាច្រើននាក់។
ឯកឧត្តម ស៊ុយ ឆៃលាង ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីផងដែរ។
តាមរយៈជំនួបសំណេះសំណាលនេះ សមាជិក និងសមាជិកាគណបក្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងថា៖
យើងជាប្រជាពលរដ្ឋខ្មែរ មានជំនឿជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ដោយប្រើប្រាស់យន្តការសន្តិវិធី ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី។»
ជាមួយគ្នានោះ ពួកគេក៏បានបញ្ជាក់ថា៖
យើងខ្ញុំទាំងអស់គ្នាស្រឡាញ់សន្តិភាព ចង់បានប្រទេសអ្នកជិតខាងល្អ និងមិត្តភាពយូរអង្វែង។ យើងខ្ញុំមិនចង់ឃើញសង្គ្រាមកើតឡើងឡើយ ហើយបន្តគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ៕
























