យុទ្ធនាការ «ពន្លកបៃតង» ដាំកូនឈើចម្រុះ ២,៥០០ដើម ក្នុងបរិវេណវត្តអង្គក្រឡាញ់
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីដាំកូនឈើចម្រុះចំនួន ២.៥០០ដើម ក្រោមប្រធានបទយុទ្ធនាការ «ពន្លកបៃតង» ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអង្គក្រឡាញ់ ស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំឡើងដោយ អង្គការចីរភាពបរិស្ថានកម្ពុជា និហសហការណ៍ជាមួយព្រះចៅអធិការវត្តអង្គក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំណាងអង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងបានលើកឡើងថា ការដាំកូនឈើនាពេលនេះ មិនត្រឹមតែជួយបង្កើនគម្របបៃតង និងបង្កើតជាស្រមោលត្រឈឹងត្រឈៃនៅក្នុងទីអារាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្តុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាការពារបរិស្ថានធម្មជាតិ។ សកម្មភាពនេះ គឺដើរស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងទិសដៅពង្រីកគម្របព្រៃឈើប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។
ជាទីបញ្ចប់ ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានសម្តែងនូវការអបអរសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាញ៉ាំងឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ៕





























