មន្ទីរសុខាភិបាលខេត្តរតនគិរី បង្កើនសកម្មភាពអន្តរាគមន៍បង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម
រតនគិរី៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះអនុវត្តសកម្មភាពអន្តរាគមន៍សុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺគ្រុនឈាម នៅតាមមូលដ្ឋាននានាក្នុងខេត្ត។
សកម្មភាពអន្តរាគមន៍រួមមាន ការដាក់ថ្នាំអាបែតក្នុងប្រភពទឹក ការបាញ់ថ្នាំកម្ចាត់មូស និងការអប់រំផ្សព្វផ្សាយសុខភាព ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។ សកម្មភាពទាំងនេះផ្តោតសំខាន់លើការពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីរោគសញ្ញា និងគ្រោះថ្នាក់នៃជំងឺគ្រុនឈាម ព្រមទាំងលើកកម្ពស់ការអនុវត្តវិធានការបង្ការជំងឺ និងការកម្ចាត់ប្រភពដង្កូវមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដ៏សំខាន់។
ក្នុងឱកាសនេះ ក្រុមការងារបានសហការជាមួយ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តភូមិ ក្រុមទ្រទ្រង់សុខភាព អាជ្ញាធរមូលដ្ឋាននៅថ្នាក់ភូមិ ឃុំ និងស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីរួមគ្នាផ្សព្វផ្សាយ និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។
មន្ទីរសុខាភិបាលខេត្តរតនគិរី បានអំពាវនាវឱ្យ អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល សាលារៀន និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តចូលរួមយ៉ាងសកម្មក្នុងការកម្ចាត់ប្រភពដង្កូវមូសខ្លា តាមរយៈការរក្សាបរិស្ថានជុំវិញផ្ទះឱ្យស្អាត កុំទុកឱ្យមានទឹកដក់ និងត្រូវគ្រប់គ្រងប្រភពទឹកដែលអាចជាកន្លែងបង្កាត់ពូជមូស។ ការចូលរួមជាប្រចាំពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លង និងការរីករាលដាលនៃជំងឺគ្រុនឈាម។
ជាមួយគ្នានេះ លោកប្រធានមន្ទីរ និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកបរកែវ ដោយបានផ្តល់ការណែនាំអំពីការថែទាំសុខភាពក្នុងអំឡុងពេលព្យាបាល ព្រមទាំងលើកទឹកចិត្តដល់អ្នកជំងឺឱ្យបន្តការព្យាបាលតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម មិនមែនជាការទទួលខុសត្រូវរបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីអាជ្ញាធរ សាលារៀន សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប។ ការកម្ចាត់ប្រភពមូសខ្លា និងការចូលរួមអនុវត្តវិធានការបង្ការ ឱ្យបានទៀងទាត់ គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពារសុខភាពគ្រួសារ និងសហគមន៍ពីជំងឺគ្រុនឈាម។៕










