កិច្ចប្រជុំពិនិត្យ តាមដាន ជំរុញ និងវាយតម្លៃលើការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី។
នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានដឹកនាំ «កិច្ចប្រជុំស្តីពីការពិនិត្យ តាមដាន ជំរុញ និងវាយតម្លៃលើការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា» របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំណុះមន្ទីរសុខាភិបាល និងមន្រ្តីរាជការក្នុងមន្ទីរសុខាភិបាលទាំងអស់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
-ពង្រឹងវិន័យ និងប្រសិទ្ធភាពការងារ៖ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពជាគំរូ និងការពង្រឹងវិន័យការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងទាន់ពេលវេលា។
-កែលម្អប្រព័ន្ធគ្រប់គ្រង៖ កំណត់នូវដំណោះស្រាយ និងទិសដៅអនុវត្តបន្ត ដើម្បីឱ្យការគ្រប់គ្រងទិន្នន័យវត្តមាន និងការចុះបេសកកម្មរបស់មន្ត្រីកាន់តែមានតម្លាភាព សុក្រឹតភាព និងមានប្រសិទ្ធភាពខ្ពស់។
នាក្នុងឱកាសនោះ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អង្គប្រជុំ រួមមាន៖
១. ពង្រឹងការគ្រប់គ្រងវត្តមាន៖ គ្រប់ថ្នាក់ដឹកនាំអង្គភាពជុំវិញមន្ទីរ ត្រូវបន្តតាមដាន និងគ្រប់គ្រងវត្តមានមន្ត្រីក្រោមឱវាទឱ្យបានម៉ឺងម៉ាត់ និងទៀងទាត់តាមច្បាប់ការងារមន្រ្តីរាជការស៊ីវិលដែលបានកំណត់។
២. បង្កើនស្មារតីទទួលខុសត្រូវ៖ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវគោរពម៉ោងពេលធ្វើការ និងបំពេញតួនាទីភារកិច្ចឱ្យបានល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
៣. ការចុះបំពេញបេសកកម្មគឺត្រូវតែកំណត់វត្ថុបំណងអោយបានច្បាស់លាស់ មានChecklist ប្រកបដោយប្រសិទ្ធភាពខ្ពស់៕












