នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការផលិតវីដេអូស្ប៉ត (Video Spot Production) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល តំណាងការិយាល័យស្រុកប្រតិបត្តិ និងតំណាងមូលដ្ឋានសុខាភិបាលទូទាំងខេត្ត សរុបសមាសភាពចូលរួមចំនួន ៤៥ នាក់។
គោលបំណងសំខាន់នៃកិច្ចប្រជុំ
-វាយតម្លៃវឌ្ឍនភាព៖ ពិនិត្យលើលទ្ធផលការងារផលិតវីដេអូស្ប៉តដែលបានអនុវត្តកន្លងមកនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
-ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើនកិច្ចសហការជិតស្និទ្ធរវាងវិស័យសុខាភិបាល និងវិស័យព័ត៌មាន ដើម្បីធានាថាខ្លឹមសារនៃការផ្សព្វផ្សាយមានភាពត្រឹមត្រូវ គ្របដណ្តប់ និងមានប្រសិទ្ធភាពខ្ពស់។
-លើកកម្ពស់ការយល់ដឹង៖ ផលិតនូវឧបករណ៍ផ្សព្វផ្សាយឌីជីថល (Video Spot) ដែលមានគុណភាព ដើម្បីអប់រំ និងបញ្ជ្រាបចំណេះដឹងថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីឱ្យកាន់តែទូលំទូលាយ។








